ទំនុកតម្កើង 79
79
ឱព្រះអម្ចាស់អើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!
ទំនុករបស់លោកអេសាភ។
1 ឱព្រះជាម្ចាស់អើយ
ប្រជាជាតិនានាបានឈ្លានពាន
ទឹកដីរបស់ព្រះអង្គ
ពួកគេបានធ្វើឲ្យព្រះវិហារ
ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង
ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។
2ពួកគេបានបោះសាកសពអ្នកបម្រើរបស់ព្រះអង្គ
ទៅឲ្យត្មាតស៊ី
យកសាកសពអ្នកជឿព្រះអង្គ
ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។
3ពួកគេបានបង្ហូរឈាមប្រជាជន
នៅជុំវិញក្រុងយេរូសាឡឹមឲ្យហូរដូចទឹក
ហើយគ្មាននរណាបញ្ចុះសព
ប្រជាជនទាំងនោះទេ ។
4អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ
អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ
យករឿងយើងខ្ញុំទៅលេងសើច។
5 ព្រះអម្ចាស់អើយ
តើព្រះអង្គទ្រង់ព្រះពិរោធ
នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា?
តើព្រះអង្គនៅតែមានព្រះហឫទ័យ
ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
6គួរតែព្រះអង្គជះព្រះពិរោធ
ទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គ
និងនគរនានាដែលមិនគោរពបម្រើព្រះនាម
ព្រះអង្គនោះវិញ។
7ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស
របស់លោកយ៉ាកុប
ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
8សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស
របស់យើងខ្ញុំបានធ្វើខុសនោះឡើយ
ផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះហឫទ័យ
អាណិតអាសូរយើងខ្ញុំផង!
ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
9ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់
សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ
សូមរំដោះយើងខ្ញុំ
និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
10ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា
ពោលថា «ព្រះរបស់គេនៅឯណា?»
ព្រះអង្គអើយ សូមឲ្យប្រជាជាតិ
ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា
ព្រះអង្គនឹងដាក់ទោសពួកគេ
ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។
11សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស
ហើយដោយព្រះអង្គមានឫទ្ធានុភាព
សូមរំដោះអ្នកដែលមានទោស
ដល់ជីវិតទាំងនោះផង។
12ព្រះអម្ចាស់អើយ ប្រជាជាតិជិតខាង
បានធ្វើឲ្យព្រះអង្គបាត់បង់កិត្តិយស
ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ
មួយជាប្រាំពីរ។
13រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ
និងជាហ្វូងចៀមរបស់ព្រះអង្គ
នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច
យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 79: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.