ទំនុកតម្កើង 77:10-20

ទំនុកតម្កើង 77:10-20 គខប

ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ! ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ព្រះអង្គ​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​បាន​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។ ព្រះអង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។ មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ព្រះអង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។ នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។ ព្រះអង្គ​យាង​កាត់​សមុទ្រ ព្រះអង្គ​យាង​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ព្រះ‌បាទា របស់​ព្រះអង្គ​ឃើញ​ទេ។ ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។