ទំនុកតម្កើង 74
74
ព្រះអម្ចាស់អើយ សូមកុំទុកឲ្យសត្រូវប្រមាថព្រះអង្គឡើយ!
កំណាព្យរបស់លោកអេសាភ។
1ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល
យើងខ្ញុំរហូតដូច្នេះ?
ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ
ដែលជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ?
2សូមកុំបំភ្លេចប្រជារាស្ត្រ
ដែលព្រះអង្គបានយកមកធ្វើ
ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក
គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ
យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់
សូមកុំបំភ្លេចភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។
3សូមព្រះអង្គយាងមកកាន់កន្លែង
ដែលវិនាសខូចខាតអស់
ខ្មាំងសត្រូវបានកម្ទេចបំផ្លាញអ្វីៗ
ទាំងអស់នៅក្នុងទីសក្ការៈ
4បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នា
ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធ របស់ព្រះអង្គ
ហើយពួកគេបានបង្ហូតទង់ជ័យ
របស់ពួកគេនៅទីនោះ។
5ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃ
ដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ
6គឺពួកគេបានយកពូថៅ និងញញួរ
មកវាយកម្ទេចក្បាច់រចនាទាំងប៉ុន្មាន។
7គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ
និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
8ពួកគេគិតគ្នាថា
«យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាប
ហើយដុតបំផ្លាញកន្លែងសក្ការបូជា
ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។
9យើងខ្ញុំលែងឃើញអ្វីដែលជាទីសម្គាល់
របស់ប្រជាជាតិយើងខ្ញុំទៀតហើយ
រីឯព្យាការីក៏លែងមានទៀតដែរ។
ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា
យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
10ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្ត
ត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើឲ្យខ្មាំងសត្រូវប្រមាថ
ព្រះនាមព្រះអង្គដល់កាលណាទៀត?
11ហេតុអ្វីបានជាព្រះអង្គ
មិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គឱបដៃសម្ងំស្ងៀមដូច្នេះ?
12ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ
របស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ
ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
13 ព្រះអង្គបានបង្ក្រាបសមុទ្រ
ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
14 ព្រះអង្គបានវាយកម្ទេចក្បាលស្ដេចក្រពើ
ហើយបោះវាទៅឲ្យសត្វនានា
នៅវាលរហោស្ថានស៊ីជាអាហារ។
15ព្រះអង្គបានធ្វើឲ្យមានទឹកផុស
ចេញពីប្រភពទឹកនានា
ហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីង
ប្រែជារីងស្ងួតទៅវិញ។
16ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។
17ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង
និងរដូវវស្សាដែរ។
18ឱព្រះអម្ចាស់អើយ
សូមកុំភ្លេចឲ្យសោះថា
បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះបានជេរ
ប្រមាថព្រះនាមព្រះអង្គ!។
19សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ
ដែលកំពុងតែអស់សង្ឃឹមនេះ
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កម្សត់ទុគ៌ត
របស់ព្រះអង្គជារៀងរហូតឡើយ។
20សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គ
បានចងជាមួយយើងខ្ញុំ!
ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅ
នាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។
21សូមកុំឲ្យអស់អ្នកដែលគេជិះជាន់
ត្រូវអាម៉ាស់មុខទៀតឡើយ
តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត
អាចសរសើរតម្កើងព្រះនាមព្រះអង្គ។
22ព្រះជាម្ចាស់អើយ សូមក្រោកឡើង
ការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ
បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។
23សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គឺគេបានស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ
ឥតឈប់ឈរឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 74: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.