ទំនុកតម្កើង 63
63
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា ។
1ឱព្រះជាម្ចាស់អើយ!
ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ
ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ
ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
2ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព
និងសិរីរុងរឿងរបស់ព្រះអង្គ
3ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង
សិរីរុងរឿងព្រះអង្គ។
4ទូលបង្គំនឹងអរព្រះគុណព្រះអង្គ
អស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើង
ថ្វាយបង្គំព្រះនាមព្រះអង្គ។
5ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង
ច្រៀងសរសើរតម្កើងព្រះអង្គ។
6ពេលទូលបង្គំចូលដំណេក
ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
7ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយ
ក្រោមម្លប់បារមីព្រះអង្គ។
8ចិត្តគំនិតទូលបង្គំ
នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ
ដោយព្រះចេស្ដារបស់ព្រះអង្គ។
9រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
10សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ
សូមឲ្យគេបានទៅជាចំណីរបស់ចចក។
11ពេលនោះ ព្រះរាជានឹងមានអំណរ
ដោយព្រះនាមព្រះជាម្ចាស់
អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់
អ្នកនោះនឹងលើកតម្កើងព្រះអង្គ
រីឯអ្នកដែលចូលចិត្តនិយាយកុហក
នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 63: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.