ទំនុកតម្កើង 62:1-12

ទំនុកតម្កើង 62:1-12 គខប

មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ ព្រះអង្គ​ជា​កំពែង​ដ៏​រឹង‌មាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។ តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយ ប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា? អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោម និង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ? អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះ បាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក មាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរ តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះ‌ជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។ ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ ព្រះអង្គ​ជា​កំពែង​ដ៏​រឹង‌មាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។ ការ​សង្គ្រោះ និង​សិរី‌រុងរឿង​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់​ទាំង​ស្រុង ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​ដ៏​រឹង‌មាំ និង​ជា​ទី​ជម្រក​របស់​ខ្ញុំ។ ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ ចូរ​ទូល​ថ្វាយ​ព្រះអង្គ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។ មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។ មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។ ខ្ញុំ​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើក​ថា ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ព្រះអង្គ​ទាំង​អស់ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ព្រះអង្គ​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។