ទំនុកតម្កើង 62
62
នៅជិតព្រះអង្គ ខ្ញុំមានសេចក្ដីសុខសាន្ត
បទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។
1មានតែនៅក្បែរព្រះជាម្ចាស់ទេ
ដែលចិត្តខ្ញុំបានស្ងប់
ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
2ព្រះអង្គតែមួយគត់ជាថ្មដា
ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ
ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
3តើអ្នករាល់គ្នាចោមរោមវាយ
ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា?
អ្នករាល់គ្នារកប្រហារជីវិតមនុស្ស
ដូចគេចង់រំលំកំពែងទ្រុឌទ្រោម
និងផ្ដួលរបងដែលជិតរលំឬ?
4អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ
បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក
មាត់អ្នករាល់គ្នាឲ្យពរ
តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។
- សម្រាក
5ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ
ដែលចិត្តខ្ញុំបានស្ងប់
ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។
6ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ
ព្រះអង្គជាកំពែងដ៏រឹងមាំ
ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
7ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ
ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង
ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។
8ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត
លើព្រះអង្គ គ្រប់ពេលវេលាទៅ
ចូរទូលថ្វាយព្រះអង្គ
ពីទុក្ខកង្វល់របស់អ្នករាល់គ្នា
ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។
9មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
មនុស្សលោកគ្មានតម្លៃអ្វីសោះ
ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ
នោះស្រាលជាងមួយដង្ហើមទៅទៀត។
10មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ
ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។
ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន
ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
11ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល
មួយលើកជាពីរលើកថា
ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់
12 ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗ
តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 62: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.