ទំនុកតម្កើង 57:1-11

ទំនុកតម្កើង 57:1-11 គខប

សូម​អាណិត​មេត្តា​ទូលបង្គំ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ ទូលបង្គំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះអង្គ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។ ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ពី​ស្ថាន​បរម‌សុខ សូម​ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ សូម​ព្រះអង្គ​វាយ​ប្រហារ​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​ប្រុង​ស៊ី​សាច់​មនុស្ស ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សម្តែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុងរឿង របស់​ព្រះអង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។ សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំ តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។ - សម្រាក ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាស‌វេហាស៍។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។