ទំនុកតម្កើង 56:5-11

ទំនុកតម្កើង 56:5-11 គខប

ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។ គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សម្តែង​ព្រះ‌ពិរោធ បង្ក្រាប​ប្រជា‌ជន​ទាំង​នោះ។ ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ទូលបង្គំ​ទុក ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?