ទំនុកតម្កើង 52

52
អ្នក​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ និង​អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ នៅ​គ្រា​ដែល​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម ទៅ​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​បាន​រត់​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អហ៊ី‌ម៉ាឡេក។
1អ្នក​ខ្លាំង​ពូកែ​អើយ
ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត
ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ?
ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ
ស្មោះ‌ស្ម័គ្រ​ជានិច្ច!។
2រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ
ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ពាក្យ​សម្ដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត
គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។
3អ្នក​ចូល​ចិត្ត​ការ​អាក្រក់​ជាង​ការ​ល្អ
ហើយ​ចូល​ចិត្ត​កុហក​ជាង​និយាយ​ការ​ពិត។
4អ្នក​ចូល​ចិត្ត​ប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​គេ
អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក
សុទ្ធ​តែ​អាស្រូវ​ទាំង​អស់។
5ហេតុ​នេះ ព្រះ‌ជាម្ចាស់​នឹង​បំផ្លាញ
អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន
ព្រះអង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន
ហើយ​ព្រះអង្គ​នឹង​យក​អ្នក​ចេញ
ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។
- សម្រាក
6មនុស្ស​សុចរិត​នឹង​ឃើញ
ហើយ​កោត​ខ្លាច​ទៀត​ផង
គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:
7«មើល​អ្នក​នុ៎ះ!
គាត់​ពុំ​បាន​យក​ព្រះ‌ជាម្ចាស់​ជា​ទី​ពឹង​ទេ
គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន
ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។
8រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌ជាម្ចាស់
ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី
ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
របស់​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។
9ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច
ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ
ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះអង្គ
នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ
ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 52: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល