ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។ ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន? ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។ ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ ព្រះជាម្ចាស់នៃជីវិតខ្ញុំ។ ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ ធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ គេចេះតែពោលមកទូលបង្គំគ្រប់ពេល គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។ ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
អាន ទំនុកតម្កើង 42
ស្ដាប់នូវ ទំនុកតម្កើង 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 42:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ