ទំនុកតម្កើង 38

38
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ឈឺ​ចុក​ចាប់
ទំនុក​របស់​ស្ដេច​ដាវីឌ។ សម្រាប់​ពិធី​រំឭក។
1ឱ​ព្រះ‌អម្ចាស់​អើយ
ទោះ​បី​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
នឹង​ទូលបង្គំ​ក៏​ដោយ
សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ហើយ​ទោះ​បី​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី
ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ដែរ
2ដ្បិត​ព្រួញ​របស់​ព្រះអង្គ
បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់
ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់
មក​លើ​ទូលបង្គំ។
3ព្រះ‌ពិរោធ​របស់​ព្រះអង្គ
បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ
ហើយ​អំពើ​បាប​របស់​ទូលបង្គំ
បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់
4ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរ
ឡើង​លិច​ក្បាល​ទូលបង្គំ
ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។
5របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ
ហើយ​ធុំ​ក្លិន​អសោច
ព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។
6ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន
ហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។
7ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង
ពេញ​សព្វ​សព៌ាង្គ‌កាយ។
8ទូលបង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយ
ហើយ​ទូលបង្គំ​ស្រែក​ថ្ងូរ
ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។
9 ព្រះ‌អម្ចាស់​អើយ
ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នា
របស់​ទូលបង្គំ​ស្រាប់​ហើយ
ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។
10បេះ‌ដូង​ទូលបង្គំ​ញាប់‌ញ័រ
កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ
ហើយ​ភ្នែក​ទូលបង្គំ
ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។
11មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ទូលបង្គំ
មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេ
ព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំ
សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំ
ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។
12អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ
នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ
ពួក​គេ​មួល​បង្កាច់​ទូលបង្គំ
ចង់​ឲ្យ​ទូលបង្គំ​វិនាស
គេ​ចេះ​តែ​រក​កល‌ល្បិច
ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។
13ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់
ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។
14ទូលបង្គំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ
ហើយ​ជា​មនុស្ស​ដែល​មិន​អាច
ពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។
15ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
មាន​តែ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូលបង្គំ!
16សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ
ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ទូលបង្គំ​វេទនា
សូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោង
ក្នុង​ពេល​ដែល​ទូលបង្គំ​ទន់​ជង្គង់​នេះ​ឡើយ
17ដ្បិត​ទូលបង្គំ​កំពុង​តែ​ចង់​ដួល
ហើយ​ទូលបង្គំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជានិច្ច​ដែរ។
18ទូលបង្គំ​សូម​សារ‌ភាព​កំហុស
ទូលបង្គំ​សោក​ស្ដាយ​ណាស់
ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។
19រីឯ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​វិញ
ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង
អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។
20ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ
ដែល​ទូលបង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេ
នាំ​គ្នា​ចោទ​ប្រកាន់ ទូលបង្គំ
ព្រោះ​តែ​ទូលបង្គំ​ខិត‌ខំ​ធ្វើ​អំពើ​ល្អ។
21ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ដូច្នេះ!
22 ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ
សូម​មេត្តា​ប្រញាប់​យាង​មក
សង្គ្រោះ​ទូលបង្គំ​ផង!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 38: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ