ទំនុកតម្កើង 33

33
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ!
1មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា
អបអរ​លើក​តម្កើង​ព្រះ‌អម្ចាស់!
មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ
ដែល​អាច​កោត​សរសើរ​ព្រះអង្គ។
2ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ
ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ
ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។
3ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ!
ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះ
ក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ព្រះអង្គ
4ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ទៀង​ត្រង់
ហើយ​ព្រះអង្គ​តែង​ប្រព្រឹត្ត​តាម
ព្រះ‌បន្ទូល​សន្យា​ជានិច្ច។
5ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត
ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់
ផែនដី​ទាំង​មូល​សម្តែង​អំពី​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
6ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល
របស់​ព្រះ‌អម្ចាស់
ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង
ដោយ‌សារ​ព្រះ‌បញ្ជា​របស់​ព្រះអង្គ​ដែរ។
7ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ
មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ
ព្រះអង្គ​បាន​បង្ឃាំង​មហា​សមុទ្រ
ឲ្យ​នៅ​មួយ​កន្លែង។
8ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌អម្ចាស់!
ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី
ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!
9ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន
ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ព្រះអង្គ​បង្គាប់​យ៉ាង​ណា
ក៏​កើត​មាន​យ៉ាង​នោះ​មែន ។
10 ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា!
ព្រះអង្គ​រំលាយ​គម្រោង‌ការ​របស់
ប្រជា‌ជន​ទាំង‌ឡាយ។
11រីឯ​ផែន‌ការ​របស់​ព្រះអង្គ​វិញ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ហើយ​គម្រោង‌ការ​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។
12មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា
ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន!
មាន​សុភមង្គល​ហើយ
ប្រជា‌ជន​ណា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស
ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់! ។
13 ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ
ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់
14ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់
ដែល​រស់​នៅ​លើ​ផែនដី
15គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត
ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា
ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ
ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។
16ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជម្នះ​បាន
ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ
ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ
ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។
17សេះ​ចម្បាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជម្នះ​បាន​ឡើយ
ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ
ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។
18 ព្រះ‌អម្ចាស់​តាម​ថែ‌រក្សា
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះអង្គ។
19ព្រះអង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់
ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។
20យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ព្រះអង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង
21យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ
យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ។
22ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
មក​លើ​យើង​ខ្ញុំ​ផង
ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 33: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ