ទំនុកតម្កើង 32:2-11

ទំនុកតម្កើង 32:2-11 គខប

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ! ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក ទូលបង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់‌លៀម​កំហុស របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!» ព្រះអង្គ​ក៏​លើក‌លែង​ទោស​ទូលបង្គំ ឲ្យ​រួច​ពី​បាប។ - សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ព្រះអង្គ តែង​ទូល‌អង្វរ​ព្រះអង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។ ព្រះអង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្ន ព្រះអង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។ - សម្រាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។ មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។