ទំនុកតម្កើង 31:9-16

ទំនុកតម្កើង 31:9-16 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។ ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូលបង្គំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ ក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរ បើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។ គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត​ទូលបង្គំ​ផង។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ទូលបង្គំ​ពោល​ថា​ព្រះអង្គ​ពិត​ជា​ព្រះ របស់​ទូលបង្គំ។ អាយុ​ជីវិត​របស់​ទូលបង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់ ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ! សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ