ទំនុកតម្កើង 22:3-31

ទំនុកតម្កើង 22:3-31 គខប

ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ព្រះអង្គ។ បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។ ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។ រីឯ​ទូលបង្គំ​វិញ គេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។ អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។ គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។ កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។ ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។ សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន ។ ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។ បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។ មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។ ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ទូលបង្គំ។ គេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ ។ រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។ សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ! សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​រួច​ផុត​ពី​ស្នែង​ក្របី! ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។ ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ ។ អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស លោក​អ៊ីស្រា‌អែល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!។ ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ព្រះអង្គ​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ព្រះអង្គ​មិន​លាក់​ព្រះ‌ភ័ក្ត្រ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​គេ។ ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ ទូលបង្គំ​អាច​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ! មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ ព្រះអង្គ​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។ ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។ មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ព្រះអង្គ ហើយ​គេ​នឹង​ថ្លែង​អំពី​ព្រះ‌អម្ចាស់​ប្រាប់​កូន​ចៅ។ គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មក តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 22:3-31

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ