ទំនុកតម្កើង 147

147
ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​តាម​រយៈ​ធម្ម‌ជាតិ
1ហាលេ‌លូយ៉ា!
ស្មូត្រ​ទំនុកតម្កើង
ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះអង្គ
ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។
2 ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។
3ព្រះអង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា
ឲ្យ​បាន​ធូរ​ស្បើយ ព្រះអង្គ​រុំ​របួស​ឲ្យ​គេ។
4ព្រះអង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន
ហើយ​ព្រះអង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។
5ព្រះ​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដម
ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។
6 ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ជន​ក្រីក្រ
តែ​ព្រះអង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។
7ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង
ទាំង​ដេញ​ពិណ​កំដរ​ផង!
8ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះអង្គ​រៀបចំ​ឲ្យ​មាន
ភ្លៀង​ធ្លាក់​មក​លើ​ផែនដី
ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ
9ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ
ហើយ​ពេល​កូន​ក្អែក​យំ
ព្រះអង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
10ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះអង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ
របស់​មនុស្ស​ដែរ
11តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះអង្គ។
12ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់!
ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!
13ដ្បិត​ព្រះអង្គ​ការពារ
និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ
ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន
ដែល​រស់​នៅ​ក្នុង​ទីក្រុង។
14ព្រះអង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព
ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ
យ៉ាង​បរិបូណ៌
15ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដី
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្សព្វ‌ផ្សាយ
ទៅ​យ៉ាង​រហ័ស
16ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី
ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សន្សើម
ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស
17ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ
តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់
ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ?
18ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល
នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក
ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក
ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។
19ព្រះអង្គ​សម្តែង​ឲ្យ​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ព្រះអង្គ​ប្រទាន​ច្បាប់
និង​វិន័យ​របស់​ព្រះអង្គ
ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។
20ព្រះអង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ
ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ
ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះអង្គ​ឡើយ។
ហាលេ‌លូយ៉ា!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 147: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ