ទំនុកតម្កើង 146:1-10

ទំនុកតម្កើង 146:1-10 គខប

ហាលេ‌លូយ៉ា! ខ្ញុំ​សូម​សរសើរ តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌កិត្តិនាម ព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។ កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។ អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​តែងតែ​គោរព​តាម​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​ជានិច្ច។ ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះអង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន ព្រះ‌អម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំ‌ឃាំង ព្រះ‌អម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ព្រះ‌អម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ ព្រះ‌អម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត ព្រះ‌អម្ចាស់​ការពារ​ជន​បរទេស ព្រះអង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ព្រះអង្គ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច! ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ហាលេ‌លូយ៉ា!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 146:1-10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ