ទំនុកតម្កើង 145:1-21

ទំនុកតម្កើង 145:1-21 គខប

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​កោត​សរសើរ​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។ សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។ គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​ដែរ។ គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស ដ៏​លើស‌លុប​របស់​ព្រះអង្គ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក។ ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។ គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ ដ៏​រុងរឿង​របស់​ព្រះអង្គ គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ និង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច នៃ​ព្រះ‌រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។ ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ព្រះអង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ។ ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ដ្បិត​ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយ ព្រះអង្គ​ប្រទាន​ឲ្យ​គេ បាន​ឆ្អែត​តាម​បំណង​របស់​គេ។ ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការ ដោយ​ព្រះ‌ហឫទ័យ​សុចរិត ហើយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ។ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ គឺ​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត។ ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។ ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។ ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ