ទំនុកតម្កើង 145
145
ព្រះរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ពាក្យសរសើរតម្កើង។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះនៃទូលបង្គំ
ឱព្រះមហាក្សត្រនៃទូលបង្គំអើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមសរសើរតម្កើងព្រះនាម
របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
2ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាម
របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
3 ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ
សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
4សូមឲ្យមនុស្សនៅគ្រប់ជំនាន់
លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ
សូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ
ដែលព្រះអង្គបានធ្វើ
5ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង
របស់ព្រះអង្គផង។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ
របស់ព្រះអង្គ។
6គេនឹងរៀបរាប់អំពីឫទ្ធានុភាព
ដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ
ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដម
របស់ព្រះអង្គដែរ។
7គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរស
ដ៏លើសលុបរបស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្ដីសុចរិត
របស់ព្រះអង្គដោយអំណរ។
8 ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យ
ប្រណីសន្ដោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ហើយពោរពេញទៅដោយ
ព្រះហឫទ័យមេត្តាករុណា។
9 ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ដល់សត្វលោកទាំងអស់
ដែលព្រះអង្គបានបង្កើតមក។
10ឱព្រះអម្ចាស់អើយ
សត្វលោកដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាលើកតម្កើងព្រះអង្គ
ហើយប្រជាជនរបស់ព្រះអង្គ
ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។
11គេនឹងរៀបរាប់អំពីព្រះរាជ្យ
ដ៏រុងរឿងរបស់ព្រះអង្គ
គេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
12ដើម្បីឲ្យមនុស្សទាំងអស់បានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គ
និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច
នៃព្រះរាជ្យរបស់ព្រះអង្គ
13ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់
ព្រះអង្គជាព្រះមហាក្សត្រ
អស់កល្បជាអង្វែងតរៀងទៅ។
ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល
សន្យារបស់ព្រះអង្គជានិច្ច
ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត
សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
14 ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួល
ព្រះអង្គលើកអ្នកដែលអស់សង្ឃឹម
ឲ្យងើបឡើងវិញ។
15ព្រះអម្ចាស់អើយ សត្វលោកទាំងអស់
ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹម
ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ
តាមពេលកំណត់។
16ព្រះអង្គមានព្រះហឫទ័យទូលាយ
ព្រះអង្គប្រទានឲ្យគេ
បានឆ្អែតតាមបំណងរបស់គេ។
17 ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ
ដោយព្រះហឫទ័យសុចរិត
ហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា
ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
18 ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ
គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
19ព្រះអង្គសម្រេចតាមចិត្តប៉ងប្រាថ្នា
របស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែក
ទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
20 ព្រះអម្ចាស់ការពារអស់អ្នកដែលស្រឡាញ់ព្រះអង្គ
តែព្រះអង្គបំផ្លាញមនុស្សអាក្រក់វិញ។
21ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់
សូមឲ្យសត្វលោកទាំងអស់លើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 145: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.