ទំនុកតម្កើង 143:1-6

ទំនុកតម្កើង 143:1-6 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ សូម​កុំ​យក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ទៅ​កាត់​ក្ដី​ឡើយ ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទេ។ ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។ ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះអង្គ ទូលបង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក