ទំនុកតម្កើង 143

143
សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ​ឡើយ
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ
អធិស្ឋាន​របស់​ទូលបង្គំ​ផង
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ
ទទូច​អង្វរ​របស់​ទូលបង្គំ!
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ
សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។
2 សូម​កុំ​យក​ទូលបង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ទៅ​កាត់​ក្ដី​ឡើយ
ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ
ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទេ។
3ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ
គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ
គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត
ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
4ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។
5ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម
ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ
ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។
6ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះអង្គ
ទូលបង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ
ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។
- សម្រាក
7ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់
ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ!
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ
ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។
8សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម
ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។
សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ
ដែល​ទូលបង្គំ​ត្រូវ​ដើរ
ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។
9ឱ​ព្រះ‌អម្ចាស់​អើយ
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទូលបង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះអង្គ។
10សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ
របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ
សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះអង្គ​ដឹក​នាំ
ទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
11ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។
សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្ន
ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះអង្គ!
12ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា
ករុណា​ចំពោះ​ទូលបង្គំ
សូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត
ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ
ឲ្យ​វិនាស​សូន្យ​ទៅ
ដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 143: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ