ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ដល់ ជម្រៅចិត្តទូលបង្គំ ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះអម្ចាស់អើយ ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ទូលបង្គំកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ គឺអស្ចារ្យពេកដែលទូលបង្គំ មិនអាចយល់បានឡើយ។ តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន? តើទូលបង្គំគេចចេញឲ្យឆ្ងាយ ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន? បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។ ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី ក៏នៅតែភ្លឺដដែល គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។ ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។ នៅពេលទូលបង្គំកកើតឡើង ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង នឹងព្រះអង្គទេ។ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរតែប្រហារមនុស្សពាល ហើយបណ្តេញពួកឃាតកចេញ ឲ្យឆ្ងាយពីទូលបង្គំ។ បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ ទៅប្រើសម្រាប់បោកបញ្ឆោត ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។ ឱព្រះអម្ចាស់អើយ ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងព្រះអង្គ។ ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំផ្ទាល់។ ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ សូមល្បងលមើលទូលបង្គំ ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត! សូមទតមើលទូលបង្គំផង ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
អាន ទំនុកតម្កើង 139
ស្ដាប់នូវ ទំនុកតម្កើង 139
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 139:1-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ