ទំនុកតម្កើង 139:1-16

ទំនុកតម្កើង 139:1-16 គខប

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ឈ្វេង​យល់​ដល់ ជម្រៅ​ចិត្ត​ទូលបង្គំ ហើយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​យ៉ាង​ច្បាស់។ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ តាំង​ពី​ចម្ងាយ។ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការ ពេល​ណា​ដែល​ទូលបង្គំ​សម្រាក ហើយ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​អើយ ពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។ ព្រះអង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង​ណាស់ ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ មិន​អាច​យល់​បាន​ឡើយ។ តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន? តើ​ទូលបង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយ ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន? បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះអង្គ​គង់​នៅ​ទី​នោះ បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ ហើយ​ជួយ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​ពោល​ថា: «សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។ ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។ នៅ​ពេល​ទូលបង្គំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង នឹង​ព្រះអង្គ​ទេ។ កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 139:1-16