ទំនុកតម្កើង 138:1-8

ទំនុកតម្កើង 138:1-8 គខប

ទូលបង្គំ​សូម​លើក​តម្កើង ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវតា។ ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ ហើយ​ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។ ឱ​ព្រះ‌អម្ចាស់អើយ សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ នៅ​ពេល​គេ​ឮ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ សូម​ឲ្យ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ: ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​សិរី‌រុងរឿង ឧត្ដុង្គ‌ឧត្ដម​បំផុត! ទោះ​បី​ព្រះ‌អម្ចាស់​ខ្ពង់‌ខ្ពស់​បំផុត​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជានិច្ច រីឯ​មនុស្ស​ព្រហើន​វិញ ព្រះអង្គ​ស្គាល់​គេ​ពី​ចម្ងាយ។ នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ជានិច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នោះ​ឡើយ!