ទំនុកតម្កើង 136:1-26

ទំនុកតម្កើង 136:1-26 គខប

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីប ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​កាត់​បាត​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន និង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់ ក្នុង​សមុទ្រ​កក់​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ មក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 136:1-26