ទំនុកតម្កើង 136

136
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
2ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
3ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
4មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ដ៏​ឧត្ដុង្គ‌ឧត្ដម​បំផុត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
5 ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ
ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
6 ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
7 ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
8គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
9ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា
ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
10 ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
11 ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ចេញ​ពី​ស្រុក​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
12ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
13 ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
14ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ដើរ​កាត់​បាត​សមុទ្រ​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
15ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន
និង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់
ក្នុង​សមុទ្រ​កក់​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
16ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
នៅ​វាល​រហោ‌ស្ថាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
17ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
18ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
19 គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
20 ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
21ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
មក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
22គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
23នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា
ព្រះអង្គ​តែងតែ​នឹក​ដល់​យើង
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
24ព្រះអង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​បច្ចា‌មិត្ត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
25ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
26ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 136: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ