ទំនុកតម្កើង 132
132
ក្រុងស៊ីយ៉ូនជាព្រះដំណាក់របស់ព្រះអម្ចាស់ ជាវាំងរបស់ស្ដេចដាវីឌ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ឱព្រះអម្ចាស់អើយ
សូមនឹកដល់ព្រះបាទដាវីឌ
និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។
2ព្រះរាជាបានស្បថជាមួយព្រះអម្ចាស់
គឺទ្រង់បានសន្យាជាមួយព្រះដ៏មានចេស្ដា
របស់លោកយ៉ាកុប ថា:
3«ទូលបង្គំនឹងមិនចូលទៅជ្រកនៅក្នុងពន្លាទូលបង្គំ
ទូលបង្គំនឹងមិនឡើងទៅដេក
នៅលើគ្រែទូលបង្គំទេ។
4ទូលបង្គំមិនព្រមបិទភ្នែក
ទូលបង្គំមិនព្រមទទួលទានដំណេកលង់លក់ឡើយ
5ដរាបណាទូលបង្គំពុំទាន់រកបាន
កន្លែងថ្វាយព្រះអម្ចាស់
ដរាបណាទូលបង្គំពុំទាន់រកបាន
ព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដា
របស់លោកយ៉ាកុបទេនោះ!»។
6 យើងបានឮគេនិយាយថា
ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា
យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។
7ចូរយើងនាំគ្នាចូលទៅក្នុង
ព្រះដំណាក់របស់ព្រះអម្ចាស់
ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ!
8ឱព្រះអម្ចាស់អើយ សូមក្រោកឡើង
សូមយាងមកជាមួយហិប*នៃឫទ្ធានុភាព
របស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាក
របស់ព្រះអង្គរហូតតទៅ។
9សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ
ប្រព្រឹត្តអំពើសុចរិតជានិច្ច
ហើយឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ស្រែកហ៊ោឡើងយ៉ាងសប្បាយ!
10ដោយយល់ដល់ព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គ
បានចាក់ប្រេងអភិសេកនេះឡើយ!
11 ព្រះអម្ចាស់មានព្រះបន្ទូលសន្យាជាមួយ
ព្រះបាទដាវីឌ ដោយឥតប្រែប្រួលថា:
«យើងនឹងតែងតាំងពូជពង្សរបស់អ្នក
ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
12ប្រសិនបើបុត្ររបស់អ្នក
កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា
ហើយប្រតិបត្តិតាមដំបូន្មាន
ដែលយើងប្រៀនប្រដៅ
ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ
របស់អ្នករហូតតរៀងទៅដែរ»។
13 ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន
ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
14ព្រះអង្គមានព្រះបន្ទូលថា
«យើងនឹងសម្រាកនៅទីនេះរហូតតទៅ
យើងចង់រស់នៅក្នុងកន្លែងនេះណាស់!
15យើងនឹងឲ្យពរក្រុងនេះមានអ្វីៗ
តាមតែគេត្រូវការ យើងនឹងឲ្យជនក្រីក្រ
ក្នុងក្រុងនេះ មានអាហារបរិបូណ៌។
16យើងនឹងសង្គ្រោះក្រុងនេះ
តាមរយៈពួកបូជាចារ្យរបស់គេ
យើងនឹងឲ្យប្រជាជននៅក្រុងនេះ
ស្រែកហ៊ោដោយអំណរ។
17 នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច
ប្រកបដោយឫទ្ធានុភាពកើតពី
ពូជពង្សរបស់ដាវីឌ
យើងនឹងរៀបចំឲ្យមានស្ដេច
មួយអង្គស្នងរាជ្យ
ជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។
18យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ
ត្រូវអាម៉ាស់មុខជាខ្លាំង
តែយើងនឹងឲ្យរាជ្យរបស់គេ
បានថ្កុំថ្កើងរុងរឿង»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 132: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.