ទំនុកតម្កើង 127
127
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។
1ប្រសិនបើព្រះអម្ចាស់
មិនសង់ផ្ទះទេនោះ
អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់
ដោយឥតបានផលអ្វីឡើយ!
ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ
អ្នកយាមទីក្រុងនឹងខំប្រឹងយាម
ដោយឥតបានផលអ្វីឡើយ!
2អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក
រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ
ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក
ដែលព្រះអង្គស្រឡាញ់
ក្នុងពេលដែលគេកំពុងតែដេកលក់។
3កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ
និងជាព្រះពរមកពីព្រះអង្គ។
4កូនប្រុសៗដែលកើតមកក្នុងពេល
ដែលឪពុកនៅក្មេងនៅឡើយ
ប្រៀបបាននឹងព្រួញរបស់អ្នកចម្បាំងដូច្នោះដែរ។
5អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ
ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ
ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត
នៅមាត់ទ្វារក្រុង
គេនឹងមិនត្រូវខ្មាសសោះឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 127: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.