ទំនុកតម្កើង 119:33-80

ទំនុកតម្កើង 119:33-80 គខប

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា ទាំង​នេះ​ណាស់។ សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ! សូម​ទាញ​អារម្មណ៍​ទូលបង្គំ ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ! សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ! ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ! សូម​ជួយ​ឲ្យ​ទូលបង្គំ​អាច​ឆ្លើយ​តប នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ សូម​កុំ​ឲ្យ​ទូលបង្គំ​និយាយ​អ្វី​ប្រាស‌ចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។ ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ ប្រាប់​ស្ដេច​នានា ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។ ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព បទ‌បញ្ជា​របស់​ព្រះអង្គ ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះអង្គ។ សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម! នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។ មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ។ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង ។ ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​រក​ឃើញ​សុភមង្គល ដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង! ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។ ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។ សូម​សម្រាល​ទុក្ខ​ទូលបង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។ សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់ របស់​ព្រះអង្គ​ឥត​ខ្ចោះ កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។