ទំនុកតម្កើង 116
116
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់
1ខ្ញុំស្រឡាញ់ព្រះអម្ចាស់
ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង
ដែលខ្ញុំទទូចអង្វរ
2ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំ
អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។
3មច្ចុរាជបានរួបរឹតខ្ញុំ
ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
4ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖
ឱព្រះអម្ចាស់អើយ
សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!
5 ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យ
អាណិតមេត្តា។
6 ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
7ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ
បានសុខសាន្ត។
8ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
9ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ក្នុងពិភពមនុស្សលោកនេះ។
10 ខ្ញុំនៅតែមានជំនឿដដែល
ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។
11ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា
យើងមិនអាចទុកចិត្តលើមនុស្ស
ណាម្នាក់បានឡើយ ។
12តើខ្ញុំអាចយកអ្វីមកតបស្នង
នឹងព្រះគុណទាំងប៉ុន្មាន
ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
13ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់
ដែលបានរំដោះខ្ញុំ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
14ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។
15 ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់
នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។
16ឱព្រះអម្ចាស់អើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ដូចម្ដាយរបស់ទូលបង្គំដែរ
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។
17ទូលបង្គំសូមថ្វាយយញ្ញបូជា
ដើម្បីអរព្រះគុណព្រះអង្គ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
18ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ
19គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់
ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 116: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.