ទំនុកតម្កើង 107:10-22

ទំនុកតម្កើង 107:10-22 គខប

អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​មាក់‌ងាយ​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាក់‌ស្បាត ដោយ‌សារ​ទុក្ខ​វេទនា ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ ពួក​គេ​ឲ្យ​ក្រោក​ឡើង​វិញ​បាន​ឡើយ។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ហើយ​ព្រះអង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! ដ្បិត​ព្រះអង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។ អ្នក​ខ្លះ​ទៅ​ជា​ល្ងី‌ល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។ គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។ ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​រណ្ដៅ។ អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក! គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!