ទំនុកតម្កើង 106
106
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច
1 ហាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
2តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គបាន?
តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន
ដើម្បីសរសើរតម្កើងព្រះអង្គបាន?
3អ្នកណាប្រព្រឹត្តដោយយុត្តិធម៌
ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា
អ្នកនោះមានសុភមង្គលហើយ។
4ឱព្រះអម្ចាស់អើយ
ពេលណាព្រះអង្គគាប់ព្រះហឫទ័យ
នឹងប្រជារាស្ដ្ររបស់ព្រះអង្គ
សូមនឹកដល់ទូលបង្គំផង!
ពេលណាព្រះអង្គសង្គ្រោះពួកគេ
សូមជួយទូលបង្គំ
5ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល
របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស
ឲ្យទូលបង្គំមានអំណររួមជាមួយ
ប្រជាជាតិរបស់ព្រះអង្គ
ហើយឲ្យទូលបង្គំបានខ្ពស់មុខ
រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។
6យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ដូចបុព្វបុរសរបស់យើងខ្ញុំ
យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់!
7 កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ
ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ
ពួកគេបំភ្លេចកិច្ចការជាច្រើន
ដែលព្រះអង្គបានធ្វើចំពោះពួកគេ
ដោយព្រះហឫទ័យមេត្តាករុណា
ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ
នៅក្បែរសមុទ្រកក់។
8ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។
9 ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង
ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ
ដូចដើរនៅវាលរហោស្ថាន។
10ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច
ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ
ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ
របស់ខ្មាំងសត្រូវ។
11ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត
គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។
12 ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ
ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។
13ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ
ដែលព្រះអង្គបានធ្វើ
ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ
សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។
14 នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់
ហើយនាំគ្នាល្បងលព្រះអង្គ
នៅវាលដ៏ហួតហែងនោះ។
15ព្រះអង្គបានប្រទានឲ្យគេនូវអាហារ
ដែលគេទាមទារ
គឺព្រះអង្គធ្វើឲ្យពួកគេបានឆ្អែត
រហូតដល់ធុញទ្រាន់។
16 នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេ
ហើយច្រណែននឹងលោកអើរ៉ុន
ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអម្ចាស់
17ពេលនោះ ដីក៏ប្រេះលេបលោកដាថាន
ព្រមទាំងស្រូបបក្សពួក
របស់លោកអប៊ីរ៉ាមទៀតផង។
18មានភ្លើងមកឆេះបក្សពួករបស់គេ
ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស
អាក្រក់ទាំងនោះអស់គ្មានសល់។
19 ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ
នៅភ្នំហោរែប
ហើយនាំគ្នាក្រាបថ្វាយបង្គំរូប
ដែលធ្វើពីលង្ហិននោះ។
20ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ
មកថ្វាយបង្គំជំនួសព្រះជាម្ចាស់
ប្រកបដោយសិរីរុងរឿងវិញ។
21ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ
ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
22គឺការអស្ចារ្យផ្សេងៗនៅស្រុក
របស់កូនចៅលោកហាំ
និងដោយស្នាព្រះហស្ដដ៏គួរឲ្យ
ស្ញែងខ្លាចនៅសមុទ្រកក់។
23ព្រះអង្គមានព្រះបន្ទូលថា
នឹងកម្ទេចប្រជារាស្ត្រនេះ
ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស
បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ
តាមព្រះពិរោធរបស់ព្រះអង្គឡើយ។
24 បន្ទាប់មកទៀត ពួកគេចង់បដិសេធ
មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ
ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ
25ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន
មិនព្រមស្ដាប់ព្រះសូរសៀង
របស់ព្រះអម្ចាស់ឡើយ។
26ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា
នឹងទុកពួកគេឲ្យវិនាស
នៅក្នុងវាលរហោស្ថាន
27 ព្រមទាំងកម្ចាត់កម្ចាយពូជពង្សរបស់ពួកគេ
ទៅនៅពាសពេញ
ក្នុងចំណោមប្រជាជាតិនានា
ហើយឲ្យគេស្លាប់នៅលើទឹកដី
របស់សាសន៍ដទៃ។
28 នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ
ថ្វាយបង្គំព្រះបាល
ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន
ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
29ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ
ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
បណ្ដាលឲ្យកើតមានគ្រោះកាច
ក្នុងចំណោមពួកគេ។
30ពេលនេះ លោកភីនេហាសបានក្រោកឡើង
ដាក់ទោសពួកគេ
ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។
31ព្រោះតែការនេះ
ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិត
អស់កល្បជាអង្វែងតរៀងទៅ។
32 នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា
ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ
33គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្ត
ហើយមានប្រសាសន៍ចេញមក
ដោយពុំបានគិត។
34 ពួកគេពុំបានប្រហារប្រជាជាតិនានា
តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។
35ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ
ប្រជាជាតិទាំងនោះ
ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ
36គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ
ដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។
37 ពួកគេបានយកកូនប្រុស
កូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។
38 ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន
ដែលគ្មានកំហុស
ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ
នៅស្រុកកាណាន
ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី
របស់ពួកគេលែងវិសុទ្ធទៀត។
39អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ
ទៅជាសៅហ្មង ពួកគេបានក្បត់ព្រះជាម្ចាស់
ដោយសារអំពើរបស់ខ្លួន។
40 ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ
របស់ព្រះអង្គយ៉ាងខ្លាំង
ព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជន
ផ្ទាល់របស់ព្រះអង្គ។
41ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់
ដៃរបស់ប្រជាជាតិនានា
ព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
42ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ
ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល
ក្រោមអំណាចរបស់ខ្លួនទៀតផង។
43ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា
ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ
ប្រឆាំងនឹងព្រះអង្គ
ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។
44ពេលព្រះអង្គឮពួកគេស្រែកអង្វរ
ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ
ដែលកំពុងរងទុក្ខលំបាក
45ព្រះអង្គប្រោសប្រណីពួកគេ
ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ
ព្រះអង្គដូរព្រះហឫទ័យ
ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។
46ព្រះអង្គធ្វើឲ្យអស់អ្នកដែលចាប់ពួកគេ
យកទៅធ្វើជាឈ្លើយ
មានចិត្តអាណិតមេត្តាពួកគេ។
47 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
សូមសង្គ្រោះយើងខ្ញុំផង!
សូមប្រមែប្រមូលយើងខ្ញុំពីចំណោម
ប្រជាជាតិនានាមកវិញ
ដើម្បីឲ្យយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
48សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!
សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា:
អាម៉ែន! ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 106: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.