ទំនុកតម្កើង 103:6-18

ទំនុកតម្កើង 103:6-18 គខប

ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។ ព្រះអង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេ ស្គាល់​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល ស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី‌សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា។ ព្រះអង្គ​មិន​បន្ទោស​ជានិច្ច​ជា​កាល​ទេ ហើយ​ព្រះអង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។ ព្រះអង្គ​មិន​ដាក់​ទោស​យើង ឲ្យ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។ ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះអង្គ​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ ដ្បិត​ព្រះអង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ព្រះអង្គ​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។ ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។