ទំនុកតម្កើង 10:12-18

ទំនុកតម្កើង 10:12-18 គខប

ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! បង្ហាញ​ព្រះ‌បារមី​របស់​ព្រះអង្គ សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ! ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក មើល‌ងាយ​ព្រះ‌ជាម្ចាស់? ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះអង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ? ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។ សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត! ។ ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត ។