សុភាសិត 4:13-27

សុភាសិត 4:13-27 គខប

ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។ មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។ ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។ អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។ មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។ រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។ កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។ កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជានិច្ច។ ដ្បិត​ឱវាទ​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខ‌ភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។ ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។ ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។ ចូរ​សម្តែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀច‌វេរ​ឡើយ។ ចូរ​រៀបចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​ឲ្យ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នោះ​បាន​ត្រឹម​ត្រូវ កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។