សុភាសិត 3:13-26

សុភាសិត 3:13-26 គខប

អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។ ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។ ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។ ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។ ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ។ កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។ ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។ កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់‌លក់​យ៉ាង​ស្កប់‌ស្កល់។ កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​កូន ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។