កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។ ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។ ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។ ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។ កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។ អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។ ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។ ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។ កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។ ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ ដ្បិតព្រះអម្ចាស់នឹងការពារកូន ព្រះអង្គមិនបណ្ដោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។ មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសម្តែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។ អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
អាន សុភាសិត 3
ស្ដាប់នូវ សុភាសិត 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 3:1-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ