សុភាសិត 3:1-21

សុភាសិត 3:1-21 គខប

កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជានិច្ច។ ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។ ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។ កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុង។ ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។ កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។ ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះអង្គ។ ធ្វើ​ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរ។ កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។ ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។ ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។ ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។ ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ។ កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សុភាសិត 3:1-21