កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។ ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។ ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។ ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។ កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។ អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។ ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។
អាន សុភាសិត 3
ស្ដាប់នូវ សុភាសិត 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 3:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ