សុភាសិត 17:1-14

សុភាសិត 17:1-14 គខប

បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។ អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។ មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។ អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។ ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។ ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។ អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។ អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។ ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ​រយ​ដំបង។ មនុស្ស​ទុច្ចរិត​គិត​តែ​បះ‌បោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈ‌ឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។ ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។ អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។ បង្ក​ជម្លោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង។