សុភាសិត 16:1-16

សុភាសិត 16:1-16 គខប

មនុស្ស​គិត‌គូរ​គម្រោង‌ការ​របស់​ខ្លួន តែ​ការ​សម្រេច​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់។ មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។ ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដែរ។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។ ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​ចៀស​ផុត​ពី​អំពើ​បាប។ កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។ រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។ មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។ ស្ដេច​តែងតែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ទ្រង់​ជំនុំ​ជម្រះ​ក្ដី​ដោយ​ឥត​លម្អៀង។ ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។ ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។ ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។ សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។ ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្ដេច​រមែង​ផ្ដល់​ជីវិត ហើយ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។ ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។