សុភាសិត 15:18-33

សុភាសិត 15:18-33 គខប

មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជម្លោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។ ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។ កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយ។ មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។ ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។ ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។ មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។ ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដី‌ធ្លី​របស់​ស្ត្រី​មេម៉ាយ។ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។ មនុស្ស​លោភ‌លន់​តែងតែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។ មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។ ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត។ ទឹក​មុខ​ដែល​សម្តែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។ អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។ អ្នក​ណា​បដិសេធ​ការ​ប្រៀន‌ប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​តែងតែ​ទទួល​សុភ‌និច្ឆ័យ។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។