សុភាសិត 10:1-16

សុភាសិត 10:1-16 គខប

សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិល‌ខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។ ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​ឲ្យ​ចម្រុង‌ចម្រើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។ ព្រះ‌អម្ចាស់​មិន​បណ្ដោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះអង្គ​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។ មនុស្ស​ខ្ជិល​នាំ​ឲ្យ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មាន។ អ្នក​ណា​ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចម្រូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិត‌គូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចម្រូត ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។ មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។ គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជានិច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។ មនុស្ស​មាន​ប្រាជ្ញា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។ អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។ អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។ ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។ ចិត្ត​ស្អប់​រមែង​បង្ក​ជម្លោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។ គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។ អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រ‌ខ្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។ មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។