សុភាសិត 1:20-33

សុភាសិត 1:20-33 គខប

ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ ព្រម​ទាំង​អំពាវ‌នាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា: មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត? ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។ យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។ ដោយ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។ ពេល​ណា​ភ័យ​អាសន្ន​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្ត‌រាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់‌ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។ អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើល‌ងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​យើង​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​នឹង​ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ឆ្អែត‌ឆ្អន់ ដ្បិត​ចិត្ត​រឹង‌រូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​ឲ្យ​គេ​បាត់‌បង់​ជីវិត ហើយ​ចិត្ត​អួត‌អាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​ឲ្យ​គេ​វិនាស។ រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុម‌រមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។