សុភាសិត 1:1-19

សុភាសិត 1:1-19 គខប

សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ​មហា‌ក្សត្រ​ស្រុក​អ៊ីស្រា‌អែល។ សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់ ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។ សូម​ឲ្យ​អ្នក​ប្រាជ្ញ​ត្រង‌ត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាស‌វៃ​ស្រង់​យក​មាគ៌ា ដែល​ត្រូវ​ប្រកាន់​យក ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។ កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។ ដាក់​អន្ទាក់​ឲ្យ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សម្រាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុប‌ឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។ អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។