ភីលីព 3

3
របៀប​រស់​នៅ​ស្រប​តាម​ព្រះ‌ជាម្ចាស់
1មួយ​វិញ​ទៀត បងប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ ខ្ញុំ​មិន​ធុញ‌ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បងប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ ដើម្បី​ពង្រឹង​ជំនឿ​របស់​បងប្អូន។
2ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែង‌ក្លាយ 3ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ​ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ត*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។ 4ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹត‌តែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត 5 គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ព័ន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ក្រឹត្យ‌វិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី* 6 បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។ 7ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ត 8គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ដោយ​សារ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ត 9និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​សុចរិត​ដោយ​ជឿ​លើ​ព្រះ‌គ្រិស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ 10បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត 11ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។
ការ​សង្វាត​ឲ្យ​បាន​គ្រប់​លក្ខណៈ
12ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់​ឲ្យ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះគ្រិស្ត‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ 13បងប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទី‌ដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ 14ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខ ឲ្យ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ 15ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បងប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះ‌ជាម្ចាស់​មុខ​ជា​បំភ្លឺ​បងប្អូន​ឲ្យ​ដឹង​មិន​ខាន។ 16ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​ដដែល។
17 បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នោះ​ទៅ។ 18ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បងប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បងប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បងប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ត*។ 19ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ​ខ្មាស​ធ្វើ​ជា​កិត្តិយស ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ 20រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។ 21ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

ទើបបានជ្រើសរើសហើយ៖

ភីលីព 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល