ក្នុងអំឡុងពេលញែកខ្លួនជាអ្នកណាសារីតនោះ គេញែកខ្លួនជាវិសុទ្ធថ្វាយព្រះអម្ចាស់។ ប្រសិនបើមាននរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ទោះបីគាត់ញែកខ្លួនថ្វាយព្រះអម្ចាស់ក្ដី ក៏គាត់ក្លាយទៅជាសៅហ្មងដែរ។ ដូច្នេះ គាត់ត្រូវកោរសក់នៅថ្ងៃជម្រះខ្លួនឲ្យបរិសុទ្ធ គឺកោរសក់នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យយកសត្វមួយធ្វើយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះអ្នកនោះឲ្យរួចពីបាប ព្រោះតែបានប៉ះពាល់សាកសព។ ធ្វើដូច្នេះ នៅថ្ងៃនោះ អ្នកណាសារីតញែកខ្លួនជាសក្ការៈសាជាថ្មី។ គាត់ត្រូវចាប់ផ្ដើមញែកខ្លួនថ្វាយព្រះអម្ចាស់ ដោយគិតពេលវេលាសាជាថ្មី គឺថ្វាយកូនចៀមមួយអាយុមួយខួប ជាតង្វាយសុំលើកលែងទោស។ ពេលវេលាពីមុនត្រូវចាត់ទុកជាអាសាបង់ ព្រោះគាត់បានក្លាយទៅជាសៅហ្មង ក្នុងអំឡុងដែលគាត់ញែកខ្លួនជាអ្នកណាសារីតកាលពីមុននោះ។ រីឯក្រឹត្យវិន័យស្ដីអំពីអ្នកណាសារីត មានដូចតទៅ: នៅថ្ងៃគាត់បញ្ចប់ពេលកំណត់ដែលត្រូវញែកខ្លួនជាអ្នកណាសារីតហើយ គេនាំគាត់មកមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ គាត់ត្រូវយកកូនចៀមល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល កូនចៀមញីល្អឥតខ្ចោះមួយ អាយុមួយខួប មកថ្វាយជាតង្វាយរំដោះបាប និងចៀមឈ្មោលល្អឥតខ្ចោះមួយ មកថ្វាយជាយញ្ញបូជាមេត្រីភាព។ គាត់ក៏ត្រូវយកល្អីមួយដែលមានដាក់នំប៉័ងឥតមេ នំធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង នំក្រៀបធ្វើពីម្សៅឥតមេលាបប្រេងពីលើ ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរ សម្រាប់ច្រួចលើយញ្ញបូជា មកជាមួយផង។ បូជាចារ្យយកតង្វាយទាំងនោះទៅថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល។ លោកថ្វាយចៀមឈ្មោលទៅព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ថែមពីលើល្អីនំប៉័ងឥតមេ។ បូជាចារ្យក៏ត្រូវថ្វាយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រាទំពាំងបាយជូរដែរ។ ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ បូជាចារ្យយកសាច់ចំឡករបស់ចៀមឈ្មោលដែលដុតចម្អិនរួចហើយ ព្រមទាំងយកនំធ្វើពីម្សៅឥតមេ និងនំក្រៀបធ្វើពីម្សៅឥតមេពីក្នុងល្អីនោះ មកដាក់ក្នុងដៃអ្នកណាសារីត ដែលទើបនឹងកោរសក់សក្ការៈ។ បូជាចារ្យត្រូវធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវរាប់ជាសក្ការៈ ហើយញែកជូនបូជាចារ្យថែមពីលើសាច់ទ្រូង និងសាច់ភ្លៅ។ បន្ទាប់មក អ្នកណាសារីតអាចបរិភោគស្រាទំពាំងបាយជូរបាន។ នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។
អាន ជនគណនា 6
ស្ដាប់នូវ ជនគណនា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 6:8-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ