ជនគណនា 4:1-32

ជនគណនា 4:1-32 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​កេហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ កូន​ចៅ​កេហាត់​បំពេញ​មុខងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ចេញ​ដំណើរ អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំងនន​ដែល​ខណ្ឌ​ទីសក្ការៈ​បំផុត យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ‌សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។ ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំប៉័ង រួច​យក​ចាន ពែង ចាន‌គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា មក​ដាក់​ពី​លើ។ រីឯ​នំប៉័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។ បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។ ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។ ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។ ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។ ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។ បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។ នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទីសក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទីសក្ការៈ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។ ពេល​ណា​អំបូរ​កេហាត់​ចូល​មក​ជិត​ទីសក្ការៈ​បំផុត អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខងារ និង​ភារ‌កិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គើសូន ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អំបូរ​គើសូន​មាន​ភារ‌កិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ: ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះ‌ពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។ អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។ នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន។ ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។ ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើង​សសរ សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។