ជនគណនា 4
4
មុខងាររបស់ក្រុមលេវី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2«ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ 3ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។
4កូនចៅកេហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ 5ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត 6យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។ 7ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំប៉័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំប៉័ងស្ថិតនៅលើតុនោះស្រាប់។ 8បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ 9ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កម្ទេច និងដបប្រេងទាំងប៉ុន្មាន សម្រាប់ដុតចង្កៀងនោះ 10ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សម្រាប់សែង។ 11ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។ 12ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សម្រាប់ស្នែង។ 13ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ 14បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសម្រាប់សែង។ 15នៅពេលលើកជំរំ កាលអើរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ 16អេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសម្រាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសម្រាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។
17 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ 18«មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ 19ពេលណាអំបូរកេហាត់ចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងឲ្យពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ 20ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។
21 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 22«ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ 23ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 24អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: 25ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សម្រាប់គ្របពីលើ និងស្បែកផ្សោតសម្រាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ 26ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈ ខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតម្រូវឲ្យធ្វើ។ 27អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ 28នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។
29ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ 30ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ 31ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ 32សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ ឲ្យពួកគេមើលថែទាំ។ 33នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន»។
34លោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅកេហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 35អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 36ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។ 37នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
38រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 39គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 40ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៦៣០ នាក់។ 41នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មក។
42អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 43គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ 44ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។ 45នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
46ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ 47ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ 48ពួកគេមានចំនួនទាំងអស់ ៨ ៥៨០នាក់។ 49លោកម៉ូសេបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ព្រះអម្ចាស់ ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.