ជនគណនា 22

22
ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​តំបន់​វាល​ទំនាប​ស្រុក​ម៉ូអាប់
ព្យាការី​បាឡាម និង​ព្រះ‌បាទ​បាឡាក់
1ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ 2ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អាម៉ូរី។ 3ជន‌ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។ 4ពេល​នោះ ជន‌ជាតិ​ម៉ូអាប់​ពោល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ជន‌ជាតិ​ម៉ាឌាន ថា៖ «មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​ដំណាំ​នៅ​ក្នុង​ចម្ការ​មិន​ខាន»។ នៅ​គ្រា​នោះ ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។
5 ព្រះ‌បាទ​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេថោរ ដែល​ស្ថិត​នៅ​មាត់​ទន្លេ ជា​ស្រុក​កំណើត​របស់​លោក ប្រាប់​ថា៖ «មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។ 6ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។
7ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​បាឡាក់។ 8លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។
9ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌ម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។ 10លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ស្ដេច​បាឡាក់ ជា​បុត្រ​របស់​ស្ដេច​ស៊ីប‌ព័រ​ដែល​សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូលបង្គំ​ថា 11“មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។ 12ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។ 13លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។ 14មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះ‌បាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។
15ព្រះ‌បាទ​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ឲ្យ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។ 16ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា “សូម​អញ្ជើញ​លោក​មក​ជួប​យើង កុំ​បី​អាក់‌ខាន 17ដ្បិត​យើង​បាន​លើក​កិត្តិយស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។
18លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។ 19ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។ 20នៅ​ពេល​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ»។
21លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។ 22ពេល​នោះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។ 23លា​ញី​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។ 24ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។ 25លា​ញី​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។ 26ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។ 27លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។ 28ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​លា​ញី​ចេះ​និយាយ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។ 29លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។ 30លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា៖ «ទេ!»។
31ពេល​នោះ ព្រះ‌អម្ចាស់​បំភ្លឺ​ឲ្យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ 32ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។ 33លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។ 34លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។ 35ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។
36ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើ‌ណូន ក្បែរ​ជាយ​ដែន។ 37ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​លោក​ឬ?»។ 38លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។ 39លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់-‌ហាសូត។ 40ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។
លោក​បាឡាម​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល
41លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-‌បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 22: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល